សារលិខិតរបស់ប្រធានមន្ទីរ
សូមស្វាគមន៍ចំពោះការចូលមកទស្សនាគេហទំព័ររបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ!
យើងខ្ញុំមានមោទនភាពជាអនេកចំពោះសមិទ្ធិផលនានា ដែលសម្រេចបានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។ ដោយរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តប្រកបដោយជោគជ័យនូវ យុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា៣ដំណាក់កាល រួចមកហើយ។
លើមូលដ្ឋាននេះ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ដើម្បីឆ្លើយតបទៅនឹងបេសកកម្មជាប្រវត្តិសាស្ត្រដ៏ចម្បងពីរយ៉ាងរបស់ជាតិ គឺ ទីមួយ- ការបន្តដំណើរទៅមុខក្នុងជំនឿដ៏មុតមាំសំដៅសម្រេចឱ្យបានពេញលេញនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និង ទីពីរ- ការបង្កើតឡើងនូវបុរេលក្ខខណ្ឌចាំបាច់ និងបរិស្ថានអនុគ្រោះ ដែលកសាងមូលដ្ឋានគ្រឹះរឹងមាំជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ សម្រាប់ដំណើរការផ្លាស់ប្ដូរស៊ីជម្រៅរបស់កម្ពុជាឈានទៅសម្រេចចក្ខុវិស័យជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
យើងខ្ញុំសង្ឃឹមជឿជាក់ថាគេហទំព័រនេះ នឹងក្លាយជាបណ្តុំព័ត៌មានដ៏សម្បូរបែបនូវព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់មន្ទីរ-អង្គភាពនានាជុំវិញខេត្តអង្គការជាតិនិងអន្តរជាតិ សិស្ស និស្សិត និងសាធារណជនទូទៅ ក្នុងការបង្កើនចំណេះដឹងបន្ថែមទៀត។ យើងខ្ញុំជឿជាក់ថា គេហទំព័រនេះ នឹងអាចដើរតួជាប្រតិបត្តិករបន្ថែមមួយទៀត ក្នុងការជួយលោកអ្នកក្នុងការដោះស្រាយនូវចម្ងល់ ឬបញ្ហានានា ដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងខេត្តឧត្តរមានជ័យ។ ប្រសិនបើលោកអ្នក មិនអាចស្វែងរកនូវព័ត៌មានដែលលោកអ្នកចង់បាននៅលើគេហទំព័ររបស់យើងខ្ញុំ លោកអ្នកអាចទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចផ្តល់ជាព័ត៌មានជូនលោកអ្នកបាន។ លោកអ្នកក៏អាចតាមដានសកម្មភាពប្រចាំថ្ងៃរបស់យើងខ្ញុំនៅលើគេហទំព័រនេះ ឬតាមរយៈបណ្តាញសង្គមនានារបស់យើងខ្ញុំ។ យើងខ្ញុំសូមស្វាគមន៍នូវការរួមចំណែក និងមតិយោបល់ដ៏មានតម្លៃរបស់លោកអ្នក ដើម្បីកែលម្អគេហទំព័រ និងសេវារបស់យើងខ្ញុំឱ្យកាន់តែល្អប្រសើរ និងឆ្លើយតបតាមតម្រូវការរបស់លោកអ្នក។
សូមអរគុណ!